
អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក លី ពេញស៊ុន មានប្រសាសន៍ថា ដោយសារអ្នកផ្ទុកមេរោគអេដស៍មានចំនួនជាង២០០នាក់ ហើយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតនៅឆ្ងាយពីភូមិ ដូច្នេះក្រសួងនឹងរៀបចំឲ្យមានសេវាព្យាបាលដោយឱសថនៅមណ្ឌល សុខភាពរកា ដោយផ្ទាល់ និងដាក់គ្រូពេទ្យជំនាញយ៉ាងតិច២នាក់នៅទីនោះ។
លោកបន្តថាក្រសួងមានថ្នាំប្រឆាំងជំងឺអេដស៍ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់សម្រាប់អ្នកផ្ទុកមេរោគអេដស៍។
លោក លី ពេញស៊ុន ឲ្យដឹងទៀតថាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ ក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធលើបញ្ហានេះ។ លោកបន្តថាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អ្នកផ្ទុកមេរោគអេដស៍ចំនួន១៦១នាក់បានចុះឈ្មោះនៅសេវា(Pre-ART) ហើយក្នុងនោះចំនួន៧៨នាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគ អេដស៍រួចរាល់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ខែមករា ឆ្នាំ២០១៥ ក្រសួងសុខាភិបាល និងអង្គការអន្តរជាតិដែលបានធ្វើការរួមគ្នាក្នុងការស្រាវជ្រាវ រកមូលហេតុនៃការឆ្លងមេរោគអេដស៍នៅខេត្តបាត់ដំបងឲ្យដឹងថាមនុស្ស ចំនួន២១២នាក់ ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគអេដស៍ ហើយការសន្និដ្ឋានដំបូង គឺដោយសារការចាក់ថ្នាំ និងការប្រើប្រាស់សេរ៉ូម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៤ ប្រជាជនចំនួន១៩៤០នាក់ រស់នៅឃុំរកា ស្រុកសង្កែ បានមកធ្វើតេស្តឈាមរកមេរោគអេដស៍ ដែលក្នុងនោះមាន២១២ បានឆ្លងមេរោគអេដស៍។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ទាំងនោះ អ្នកភូមិរកា មានចំនួន១៧៤នាក់ ដែលស្មើនឹង៨២ភាគរយ។ សេចក្តីប្រកាសព័ត៌មានបន្តថា កុមារអាយុក្រោម១៤ឆ្នាំដែលឆ្លងមេរោគអេដស៍ មានចំនួន៣៩នាក់ ស្មើនឹង១៨ភាគរយ អាយុចន្លោះពី១៥ឆ្នាំដល់៥៩ឆ្នាំ មានចំនួន១២៧នាក់ ស្មើនឹង៦០ភាគរយ និងមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅមានចំនួន៤៦នាក់ ស្មើនឹង២២ភាគរយ។
ក្រសួងសុខាភិបាលបន្តថាលទ្ធផលនៃការសិក្សាបង្ហាញថាអ្នក ឆ្លងមេរោគអេដស៍ដែលបានចាក់ថ្នាំ និងប្រើសេរ៉ូមមានកម្រិតខ្ពស់ជាងអ្នកមិនឆ្លងមេរោគអេដស៍។ ក្រសួងបញ្ជាក់ថា មិនមានចម្លើយខុសគ្នាគួរឲ្យកត់សម្គាល់រវាងក្រុមអ្នក ឆ្លងមេរោគអេដស៍ និងអ្នកមិនឆ្លងមេរោគអេដស៍ លើកត្តាប្រឈមនឹងការឆ្លងមរោគេអេដស៍ផ្សេងទៀតដែលមានក្នុងការ សិក្សារួមមានការប្រព្រឹត្តលើការរួមភេទ និងចាក់គ្រឿងញៀន។ ក្រសួងឲ្យដឹងទៀតថាការឆ្លងមេរោគអេដស៍ពីម្តាយទៅកូនពុំមែនជា កត្តាប្រឈមនោះទេ ពីព្រោះភាគច្រើននៃម្តាយរបស់កុមារដែលមានអាយុក្រោម១៤ឆ្នាំ និងបានឆ្លងមេរោគអេដស៍ ពុំមានផ្ទុកមេរោគអេដស៍ទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរំឮកដល់គ្រប់អង្គភាពសុខាភិបាលទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តដាច់ខាតនូវពិធីសាររបស់ក្រសួងសុខាភិបាលដែល បានធានាថាគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់អនុវត្តការបង្ការជាសកលដោយប្រើប្រាស់សម្ភារបរិក្ខារពេទ្យដែលបានរម្ងាប់មេរោគត្រឹមត្រូវ ព្រមទាំងផ្តល់ការអប់រំ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនទូទៅអំពីការទទួលបានសេវាព្យាបាលជំងឺដែលមា នសុវត្ថិភាពខ្ពស់ និងការបង្ការការឆ្លងមេរោគអេដស៍។ លោកបន្ថែមថា«យើងបានពង្រឹងការអនុវត្តគោលនយោបាយរបស់ក្រសួងសុខាភិបាល ដោយបញ្ឈប់អ្នកប្រកបរបររកស៊ីព្យាបាលជំងឺដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ»។
គួររំឮកថា ករណីនៃការឆ្លងមេរោគអេដស៍នេះ គ្រូពេទ្យភូមិម្នាក់ឈ្មោះ យ៉ែម ជ្រិន ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគអេដស៍នេះ ហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់លើចំណុច៣នៃបទចោទ គឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ(អំពើឃោរឃៅមានទារុណកម្ម) និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ។ ក្រោមបទចោទទាំងនេះ លោក យ៉ែម ជ្រិន អាចត្រូវជាប់ពន្ធនាគារមួយជីវិត៕
No comments:
Post a Comment