
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះអំពាវនាវឲ្យមានការបញ្ចុះតម្លៃប្រេងសាំងបន្ថែមទៀត ឲ្យស្របនឹងទីផ្សារអន្តរជាតិ ដោយលើកឡើងថាក្រុមហ៊ុននៅតែបន្តចំណេញ បើទោះជាមានការចុះថ្លៃបន្តិចបន្តួច។
ក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោមខេត្តកោះកុង លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជូនលិខិតទៅក្រុមហ៊ុន ដោយសុំឲ្យបញ្ចុះតម្លៃប្រេងមកត្រឹម៣៩០០រៀល ប៉ុន្តែតម្លៃប្រេងសាំងនៅមានចំនួនចន្លោះពី៤២០០រៀលដល់៤២៥០រៀលលោកបន្តថាតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនក្រៅស្រុកនៅតែខ្ពស់ជាងក្រុមហ៊ុនក្នុងស្រុក។ លោកអំពាវនាវឲ្យបញ្ចុះតម្លៃប្រេងសាំងបន្ថែមតិចទៀត។
លោកបញ្ជាក់ថា«ប៉ុន្តែក្នុងស្រុកក៏ដោយក្រៅស្រុកក៏ដោយ សូមមេត្តាពិនិត្យលទ្ធភាពនៃការចុះថ្លៃបន្ត។ចុះថ្លៃបន្ត ព្រោះអាទិញមកស្តុកមុនហ្នឹង ល្មមអស់ហើយ ល្មមអស់ហើយ កុំនៅចំណេញយូរពេក នៅចំណេញយូរពេក ចុះថែមតិចទៀត ចុះថែមតិចទៀត អំពាវនាវឲ្យមានការចុះថ្លៃ»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនប្រេងសាំងនៅកម្ពុជាបានចាប់ផ្តើមបញ្ចុះតម្លៃប្រេងសាំង និងប្រេងម៉ាសូត២០០រៀលបន្ថែមទៀត គឺមកត្រឹមតម្លៃប្រហែល៤២០០រៀលខណៈតម្លៃប្រេងនៅលើពិភពលោកកំពុងធ្លាក់ចុះមកក្រោម៥០ដុល្លារក្នុងមួយបារ៉ែល(ធុងចំណុះ១៥៩លីត្រ)។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ តម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះចន្លោះពី២៥០រៀលទៅដល់៦០០រៀលក្នុង១លីត្រ។
គួររំឮកថាប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោក ថាអត្រាពន្ធលើប្រេងសាំងគឺប្រមាណ១០០០រៀលក្នុងមួយលីត្រ ហើយបើកម្ពុជាបញ្ចុះពន្ធនេះមកត្រឹមតែ៥០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃប្រេងសាំងឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេសដែលបានចុះថ្លៃយ៉ាងគំហុក ពេលនោះតម្លៃប្រេងសាំងលក់រាយនៅប្រទេសកម្ពុជានឹងមិនលើសពី៣៥០០រៀលក្នុងមួយលីត្រ។
ទីផ្សារប្រេងសាំងពិភពលោកបានចុះថ្លៃចាប់តាំងពីខែតុលាឆ្នាំ២០១៤។...
No comments:
Post a Comment