Breaking News
recent

ក្រសួង​ប្រកាស​ផ្អាក​អាជ្ញាប័ណ្ណ​លើ​ជំនាញ​ធុរកិច្ច

ប្រភពមកពីpostkhmer

និស្សិត​កំពុង​ដើរ​ចូល​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ដែល​ជា​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា។
ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ផ្អាក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​បើក​មុខ​ជំនាញ​គ្រប់​គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ក្នុង​បំណង​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា​ឲ្យ​ឆ្លើយ​តប​ នឹង​តម្រូវការ​នៃ​ទីផ្សារ​ការងារ​និង​ការ​វិវត្ត​សេដ្ឋកិច្ច​ជាតិ។«ក្រសួង​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ចុះ​ឈ្មោះ​ចូលរៀន​របស់​និស្សិត​នៅ​ឧត្តម​សិក្សា​ភាគ​ច្រើន​លើស​លប់​ តែងតែ​ផ្តោត​ទៅ​លើ​វិស័យ​ធុរកិច្ច។ ក្នុង​ន័យ​នេះ​ដើម្បី​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា​ឲ្យ​ ឆ្លើយតប​នឹង​តម្រូវ​ការ​នៃ​ទីផ្សារ​ការងារ និង​ការ​វិវត្ត​សេដ្ឋកិច្ច​ជាតិ​នា​ពេល​បច្ចុប្បន្ន ក្រសួង​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ សម្រាប់​ការ​បើក​មុខ​ជំនាញ​គ្រប់​គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា»។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ ក្រសួង​អប់រំ កាលពី​ថ្ងៃ ទី៣១ ខែ​ធ្នូ កាល​ពី ឆ្នាំ​២០១៤។លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា៖
«បច្ចុប្បន្ន​ សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​មាន​ចំនួន​ប្រមាណ ២២ ម៉ឺន​នាក់។ ប្រហែល​ជា ៥០ ភាគរយ កំពុង​សិក្សា​ជំនាញ​គ្រប់​គ្រង ច្បាប់ គណនេយ្យ ជំនាញ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម។ យើង​ចង់​ផ្តល់​អាទិភាព​លើ​ផ្នែក​កសិកម្ម ផ្នែក​បច្ចេកវិទ្យា និង​ផ្នែក​កម្មន្តសាល និង​ផ្នែក​មេកានិក​ជាដើម ច្រើន​ជាង​មុន»។លោក​បន្ថែម​ថា៖ «តាម​ពិត​អ្វី​ដែល​មាន​ក្នុង​សេចក្តី​ប្រកាស​នេះ យើង​បាន​អនុវត្ត​មួយ​ឆ្នាំ​រួច​មក​ហើយ។ គោលដៅ​សម្រាប់​គ្រឹះស្ថាន​ដែល​មាន​ស្រាប់​ដែល​គាត់​ចង់​ពង្រីក​លើ​មុខវិជ្ជា ​ទាំង​អស់​នេះ។ គាត់​ចង់​បាន​ឈ្មោះ​ជា​សាកល​វិទ្យាល័យ​ដូច្នេះ​គាត់​ចេះ​តែ​ពង្រីក​ហើយ គាត់​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់ [ដើម្បី​បង្រៀន​សិស្ស​ប្រកប​ដោយ​គុណភាព]។ បើ​គាត់​ចង់​ពង្រីក គាត់​អាច​ពង្រីក​លើ​អ្វី​ដែល​ជា​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន។ សេចក្តី​ប្រកាស​នេះ​គឺ​យើង​ចង់​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដែល​ឲ្យ​យើង​ គ្រប់​គ្រង​បាន»។តាម​លោក ហង់ ជួនណារ៉ុន ក្រសួង​អប់រំ​កំពុង​បន្ត​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​និស្សិត​ឲ្យ​ងាក​មក​សិក្សា ​មុខ​ជំនាញ​បច្ចេកទេស​ដែល​ទីផ្សារ​បច្ចុប្បន្ន​កំពុង​ត្រូវ​ការ។ នៅ​ក្នុង​រង្វង់ ៤ ទៅ ៥ ឆ្នាំ​ខាង​មុខ​នេះ កម្ពុជា​នឹង​អាច​ពង្រឹង​គុណភាព​អប់រំ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនាញ​ បច្ចេកទេស និង​វិទ្យាសាស្ត្រ​ពិត និង​អាច​បណ្តុះ​បណ្តាល​ធនធាន​ស្រប​តាម​តម្រូវការ​ទីផ្សារ តាម​រយៈ​ការ​ផ្តោត​លើ​ការ​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​តាំងពី​នៅ​មធ្យម​ សិក្សា បន្ត​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន និង​កម្មវិធី​សិក្សា។កង្វះ​ធនធាន​មនុស្ស​ជំនាញ​បន្ត​ជា​ឧបសគ្គ​ដ៏​សំខាន់​សម្រាប់​រីក​ចម្រើន​ ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា។ កាល​ពី ខែ​តុលា ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​ការ​វាយតម្លៃ​បរិយាកាស​វិនិយោគ ឆ្នាំ​២០១៤ សម្រាប់​ប្រទេស​កម្ពុជា ដោយ​បាន​លើក​ឡើង​ថា កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិតកម្ម​បាន​រារាំង​ដល់​ សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​សក្តានុពល​ផលិត និង​ទទួល​បាន​ចង្វាក់​ផ្គត់​ផ្គង់​បន្ថែម​តម្លៃ​នៅ​ក្នុង​តំបន់​អាស៊ី​ អាគ្នេយ៍។លោក ហេង សួរ អ្នក​នាំ​ពាក្យ​នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ថ្លែង​ថា គម្លាត​រវាង​ការ​ផ្គត់​ផ្គង់ និង​តម្រូវការ​និង​ការងារ​មិន​ត្រូវ​មុខ​ជំនាញ​នេះ​ជា​បញ្ហា​ប្រឈម​នៅ​គ្រប់ ​ប្រទេស​ដែល​ជួប​នឹង​ការ​ផ្លាស់​ប្តូរ​បរិបទ និង​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស។
លោក​បន្ត​ថា ខណៈ​វិស័យ​ឧស្សាហកម្ម​កសិកម្ម និង​កាត់ដេរ​កំពុង​រួម​ចំណែក​ដ៏​ធំ​នៅ​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់ ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ក៏​កំពុង​គិត​គូរ​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មូលដ្ឋាន​ សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ គឺ​ការ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​មូលដ្ឋាន ឲ្យ​ក្លាយ​ជា​ឧស្សាហកម្ម​ទំនើប ដែល​ត្រូវ​ការ​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត។
លោក​ថ្លែង​ដូច្នេះ​ថា៖ «វា​គឺជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​វិស័យ​ ឧស្សាហកម្ម បូករួម​នឹង​មហិច្ឆតា​របស់​កម្ពុជា​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ មធ្យម​ត្រឹម ឆ្នាំ​២០៣០ ដូច្នេះ​យើង​ត្រូវ​ត្រៀម​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​ឲ្យ​ស្រប​ជាមួយ​ទិសដៅ​ដែល​សេដ្ឋកិច្ច​របស់​យើង​កំពុង​ ឆ្ពោះ​ទៅ​រក»។
ក្រសួង​ការងារ​កំពុង​រៀបចំ​គោល​នយោបាយ​ការងារ​ជាតិ សំដៅ​ដោះ​ស្រាយ​បញ្ហា ការងារ​មិន​ត្រូវ​ជំនាញ​ដែល​កំពុង​ជា​ឧបសគ្គ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ដែល​ ពឹង​លើ​ជំនាញ​ដូចជា​មេកានិក វិស្វករ​អគ្គិសនី និង​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មាន​សមត្ថភាព។
សេចក្ដី​ព្រាង​គោល​នយោបាយ​ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​អនុម័ត​នៅ​ត្រីមាស ទី១ ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហេង សួរ។
លោក សេង ប៊ុនធឿន សាកល​វិទ្យាធិការ​រង​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង (NUM) ថ្លែង​ថា​និស្សិត​ជាច្រើន​ចង់​ធ្វើ​ការងារ​នៅ​កន្លែង​ស្រួលៗ​ហើយ​វិស័យ​ ឧស្សាហកម្ម​ដែល​មិន​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​ និស្សិត​ងាក​ចេញ​ពី​ការ​ជ្រើស​រើស​ការ​សិក្សា​មុខវិជ្ជា​បច្ចេកទេស។
លោក​លើក​ឡើង​ថា៖ «យើង​ត្រូវ​មើល​ថា កម្ពុជា​ឈរ​នៅ​ទីណា។ ប្រទេស​យើង​មិន​មែន​ជា​ប្រទេស​ផលិត​នោះ​ទេ។ និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មាន​សញ្ញាបត្រ​វិស្វករ​ឬ​មេកានិក​អាច​ធ្វើ​ ការងារ​ត្រឹម​តែ​ការ​ជួស​ជុល​ប៉ុណ្ណោះ»។
លោក​បន្ថែម​ថា៖ «និស្សិត​ភាគ​ច្រើន​នឹង​ចង់​ធ្វើ​ការងារ​នៅ​ក្នុង​ការិយាល័យ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់»។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី សូ ផន​ណារី អនុ​ប្រធាន​ធនាគារ​អេស៊ីលីដា ដែល​បច្ចុប្បន្ន​កំពុង​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ជាង ១១ ០០០ នាក់​ដែល​ភាគ​ច្រើន​ជា​និស្សិត​មាន​បរិញ្ញាបត្រ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា ធនាគារ អេស៊ីលីដា​មិន​ដែល​មាន​បញ្ហា​ជាមួយ​នឹង​ការ​ជ្រើសរើស​បុគ្គលិក​ដែល​ត្រូវ​ ការ​នោះ​ទេ។
លោក​ស្រី​នៅ​តែ​មាន​សុទិដ្ឋ​និយម​ថា តម្រូវការ​ធនធាន​មនុស្ស​ក្នុង​វិស័យ​គ្រប់​គ្រង​ពាណិជ្ជកម្ម គណនេយ្យ ធនាគារ នេះ​នៅ​តែ​មាន ផ្អែក​លើ​ការ​រីក​លូត​លាស់​នៃ​អាជីវកម្ម​របស់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ។
លោក​ស្រី​ថ្លែង​ថា៖ «សាកល​វិទ្យាល័យ​កាន់​តែ​ច្រើន​បង្កើត​ការ​ប្រកួត​ប្រជែង​គ្នា​ខាង​តម្លៃ​និង​គុណភាព​ដែល​ល្អ​សម្រាប់​និស្សិត»។
កម្ពុជា​បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​សរុប​ចំនួន ១០៥ ស្ថាប័ន ក្នុង​នោះ ៣៩ ជា​គ្រឹះស្ថាន​រដ្ឋ និង ៦៦ ទៀត​ជា​គ្រឹះស្ថាន​ឯកជន៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.