Breaking News
recent

អ្នកជំនាញ​ចង់​ឲ្យ​ដាក់​សារ​ព្រមាន ៥០% ​លើ​កញ្ចប់​បារី

ប្រភពមកពី Postkhmer
កញ្ចប់​បារី​ដែល​​កំពុង​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។
កញ្ចប់​បារី​ដែល​​កំពុង​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។ ផា លីណា
ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​សុខភាព រំពឹង​ថា ការ​ដាក់​សារ​ព្រមាន​ជា​រូបភាព ទំហំ​ ៥០ ភាគរយ​លើ​កញ្ចប់​បារី​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​នឹង​អាច​កាត់បន្ថយ​អត្រា​អ្នកជក់ និង​អ្នកស្លាប់​បាន​ច្រើន ខណៈ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំ​ជក់​ដែល​មាន​មាត្រា​កំណត់​ពី​សារព្រមាន​រូបភាព​នេះ​នឹង​ត្រូវ​រដ្ឋសភា​ប្រជុំ​ពិភាក្សា បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ។
ការរំពឹង​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ថ្នាំជក់ នៅ​ទីស្តីការ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ចន្ទ​។ អនុប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា បាន​ឲ្យ​ដឹងថា សារ​ព្រមាន​សុខភាព​ជា​រូបភាព​ ដែល​ត្រូវ​បាន​ចែង​ក្នុង​មាត្រា​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​សារៈសំខាន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដោយ​បង្ហាញ​នូវ​ព័ត៌មាន​ពិត​នៃ​គ្រោះថ្នាក់​បណ្តាល​មកពី​ផលិតផល​ថ្នាំជក់​បាន​ច្បាស់លាស់​ជាង​សារ​ជា​អក្សរ​។

លោកស្រី​ថា៖ «សារ​ព្រមាន​នេះ​នឹង​ជួយ​​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ជក់​លះបង់​ការប្រើប្រាស់​ថ្នាំជក់​ព្រោះ​តែ​ជំងឺ​នានា​ដែល​កើត​ចេញ​ពី​ការជក់​នេះ ហើយ​ក៏​អាច​ជួយ​ការពារ​កុមារ​ និង​យុវវ័យ​ពី​ការ​ចាប់ផ្តើម​ប្រើ​ផលិតផល​ថ្នាំជក់ និង​ជួយ​អ្នកលះបង់​មិន​លាប់​ឡើង​វិញ​»​។
លោកស្រី បន្ត​ថា៖ «ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ បាន​ឈាន​ចូល​ដល់​សភា​ហើយ​ដែល​នឹង​មាន​ការពិភាក្សា​ឆាប់ៗ​ខាង​មុខ​នេះ​។ យើង​ជឿជាក់​ថា មាត្រា​ស្តីពី​សារព្រមាន​ជា​រូបភាព​នេះ ​អាច​រួម​ចំណែក​ធំ​ក្នុង​ការ​កាត់បន្ថយ​នូវ​អ្នកជក់ និង​អត្រា​នៃ​អ្នកស្លាប់​ផង​ដែរ​»។
តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បាន​ឲ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​នៅតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុម័ត និង​អនុវត្ត ដោយ​មិន​ពន្យារពេល​លើ​បទដ្ឋាន​គតិយុត្តិ ដែល​ទាមទារ​​​ឲ្យ​មាន​សារព្រមាន​ជា​រូបភាព ដែល​មាន​ទំហំ​ធំ លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ដោយ​អនុលោម​តាម​មាត្រា ១១ ​នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​។
លោក​បន្ត​ថា៖ «តាម​បទពិសោធ​នៃ​ប្រទេស​ដទៃ​ឧស្សាហករ​ថ្នាំជក់​ ក៏​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព ដោយ​អះអាង​ថា​ គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​ពី​ផលប្រយោជន៍​នៃ​សារព្រមាន​នេះ បង្ក​នូវ​ការរត់ពន្ធ​កាន់តែ​ច្រើន ចំណែកឯ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​បាន​តម្រូវ​ត្រឹមតែ​សារ​ព្រមាន​សុខភាព​ជា​អក្សរ​ដែល​មាន​ទំហំ​ត្រឹម ៣០ ភាគរយ​ប៉ុណ្ណោះ តែ​ការលើក​ឡើង​នេះ មិន​ត្រូវ​បាន WHO ទទួល​​យក​នោះ​ទេ​»​។
នាយករង​នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព លោក ស៊ិន សុវណ្ណ បាន​ព្រមាន​ថា ថ្នាំជក់​គឺជា​ឃាតករ​មួយ​ដ៏សាហាវ​ដែល​សម្លាប់​មនុស្ស​ដោយ​ស្ងប់ស្ងាត់​ ជាពិសេស​មាន​ផលប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ច និង​បរិស្ថាន​ជុំវិញ​ខ្លួន​។ «ការ​ដាក់​ចេញ​នូវ​វិធានការ​សារព្រមាន​ជា​រូបភាព​នេះ​នឹង​ធ្វើឲ្យ​ប្រជាជន​ដែល​ធ្លាប់​ជក់បារី​នឹង​បោះបង់​ទម្លាប់​នោះ​ចោល​ដោយសារ​តែ​ឃើញ​សារ​ព្រមាន​ជា​រូបភាព​លើ​កញ្ចប់​បារី»។
តាមរយៈ​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០​ ការអនុម័ត​ច្បាប់​ស្តីពី​វិធានការ​ត្រួតពិនិត្យ​ថ្នាំជក់​មាន​តែ​កម្ពុជា​ ១ ​គត់ ដែល​​ពុំ​ទាន់​បាន​អនុម័ត​ច្បាប់​ហាម​ជក់បារី​នៅ​ឡើយ ខណៈ​ប្រទេស​ឡាវ ប្រ៊ុយណេ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​​សិង្ហបុរី មាន​ច្បាប់​ហាម​ជក់បារី និង​​យក​ពន្ធបារី​ខ្ពស់។ របាយការណ៍​ដដែល​នេះ ក៏​បាន​បង្ហាញ​ថា អត្រា​អ្នកស្លាប់​ដោយសារ​ថ្នាំជក់​ទូទាំង​ពិភពលោក​មាន​ប្រមាណ ៦ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ ក្នុង​នោះ​អត្រា​ស្លាប់​នៃ​ពលរដ្ឋ​កម្ពុជា មាន​ជាង​ ១​ ម៉ឺន​នាក់​ក្នុង​ ១ ​ឆ្នាំ ​ក្នុង​ចំណោម​អ្នកជក់ និង​ចុកថ្នាំ សរុប​ ២ ​លាន​នាក់។ ចំនួន​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ដល់​ ៨ ​លាន​នាក់​នៅ​ឆ្នាំ ២០៣០ ។
គួរ​រំឭក​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ដែល​ត្រូវ​បាន​រៀបចំ​តាក់តែង​តាំងពី​ឆ្នាំ​ ២០០៣ ​មក ត្រូវ​បាន​គណៈរដ្ឋមន្រ្តី អនុម័ត​កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៤​ ដោយ​មាន​ ១៣​ ជំពូក​ និង​ ៤៩ ​មាត្រា​ ហើយ​​ត្រូវ​បាន​​គេ​រំពឹង​ថា នឹង​ត្រូវ​រដ្ឋសភា ប្រជុំ​ពិភាក្សា​នៅ​ចុង​ខែ​មេសា​នេះ
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.