
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ក្នុងទីលានបាល់ទាត់អនុវិទ្យាល័យព្រៃវែង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់យុវជន ខណ្ឌដង្កោ ដែលរៀបចំឡើងដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសហការគាំទ្រពីសហព័ន្ធបាល់ទាត់កម្ពុជា ព្រមទាំងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្រោមវត្តមាន លោកវរសេនីយ៍ឯក ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក ម៉ៃ តុលាអគ្គលេខាធិការរង សហព័ន្ធបាល់ទាត់កម្ពុជា, លោក អ៊ុំ វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ, លោកស្រី ម៉ៅ សុមានា គណកម្មការប្រតិបត្តិក្លឹបបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ, ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងភ្ញៀវកិត្តិយស ជាច្រើនទៀត។
ក្នុងការប្រកួតនេះដែរ គឺមានកីឡាករ៣៣ក្រុម មកពី៣៣សាលាក្នុងខណ្ឌដង្កោ រួមមានសាលាបឋមសិក្សារចំនួន២៤, អនុវិទ្យាល័យ០៦ និង វិទ្យាល័យ០៣ ដែលក្រុមទាំងអស់នេះដឹកនាំដោយគ្រូបង្វឹកដែលធ្លាប់បានទទួល ការបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាល និង គ្រូបាល់ទាត់ថ្នាក់មូលដ្ឋាន កាលពីអំឡុងខែតុលា ឆ្នាំ២០១៤ ក្រោមការរៀបចំរបស់ ឧត្តមសេនីយ៍ទោ រ័ត្នស្រ៊ាង សហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានសហព័ន្ធផងដែរ។ ក្រោយពេល លោកឧត្តមសេនីយ៍ទោរ័ត្ន ស្រ៊ាង មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្រៅពីបំពេញភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ លើការងារ បង្កា បង្ក្រាប សង្គ្រោះ លោកឩត្ដមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានយកចិត្តទុកបន្ថែមផងដែរលើវិស័យកីឡា។ លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ធ្លាប់មានប្រសាសន៍ថា ការបំផុសចលនាបាល់ទាត់ ក្នុងខណ្ឌដង្កោនេះ គឺគ្រាន់តែចំណុចចាប់ផ្តើមទេ ទិសដៅរបស់លោក និងបន្តជំរុញឲ្យមានសកម្មភាពកីឡាបាល់ទាត់នេះ ឲ្យរឹតតែផុលផុសនិងរីកចម្រើន គ្រប់បណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។ ការធ្វើបែបនេះគឺដើម្បីលើកស្ទួយវិស័យកីឡាផង និងជាវិធីសាស្ត្រអូសទាញផ្លូវចិត្តយុវវ័យឲ្យស្រឡាញ់កីឡា ជៀសឆ្ងាយពីការសេពគ្រឿងញៀន និងការប្រព្រឹត្តអំពើពាលាផ្សេងផង ជាពិសេស ឯកឧត្តម ស្រឡាញ់បាល់ទាត់កុមារណាស់ ព្រោះថាគ្រប់ពេលដែលលោកនៅផ្ទាល់ជាមួយក្មួយៗ តែងមានអារម្មណ៍សប្បាយរីករាយ និង ធូរស្បើយពីភាពស្មុគស្មាញផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទាត់របស់លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង នេះមិនមែន ទើបតែចាប់ផ្តើមនៅរាជធានីភ្នំពេញនោះទេ គឺមានតាំងពី លោក នៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យមកម្ល៉េះ។ ចាប់តាំងពីសហព័ន្ធបាល់ទាត់កម្ពុជា ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធ បានបើកឲ្យមានការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ស្ត្រីនិងកុមារ អាយុក្រោម១៣ឆ្នាំ ថ្នាក់ជាតិលើកដំបូងនៅឆ្នាំ២០១០មក លោក ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានបង្កើតក្រុមបាល់ទាត់អធិរាជភ្នំស្វាយ ទាំងបាល់ទាត់ស្ត្រីនិងកុមារ មកចូលរួមប្រកួតជារៀងរាល់ឆ្នាំ និងទទួលបានជ័យលាភីលេខ១ ទាំងពីក្រុមផងដែរ។
លើសពីនេះទៀត លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមធ្វើការបណ្តុះបណ្តាលធនធានក្នុងវិស័យកីឡាបាល់ទាត់ ជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដូចជា៖
- បើកវគ្គបាល់ទាត់ថ្នាក់មូលដ្ឋាន ចំនួន០២លើក សិក្ខាកាម ៦០នាក់
- បើកវគ្គអាជ្ញាកណ្តាលមូលដ្ឋាន ចំនួន០២លើក សិក្ខាកាម ៦០នាក់
- បើកវគ្គអាជ្ញាកណ្តាលថ្នាក់តំបន់ ចំនួន០១លើក សិក្ខាកាម ២៥នាក់
- បើកវគ្គគ្រូបាល់ទាត់ ហ្វូតសាល ( Futsal ) ចំនួន ០១លើក សិក្ខាកាម ២៥នាក់
- បើកវគ្គអាជ្ញាកណ្តាល ហ្វូតសាល ( Futsal ) ចំនួន ០១លើក សិក្ខាកាម ២៥នាក់៕





No comments:
Post a Comment