
ខ្សែប្រយុទ្ធខ្ចីជើង Radamel Falcaoរបស់ក្លិបបិសាចក្រហម Man Utdបានអះអាងថា លោកមានផ្លូវសម្រាប់ខ្លួនឯងដើរ មិនអាចផ្កាប់បំពង់រង់ចាំទឹកភ្លៀងដូចសព្វថ្ងៃនេះបាននោះទេ។ លោកបាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តនៅដំណាច់រដូវកាលនេះ ដើម្បីស្វែងរកកន្លែងណាដែលខ្លួនអាចលេងបាន។
គួរឲ្យដឹងថា ខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីម្នាក់នេះ មាននូវអាជីពដ៏ត្រដាបត្រដួសមួយ ក្រោមការដឹកនាំរបស់លោក Louis van Gaal បន្ទាប់ពីមានការផ្ទេរចេញជាកីឡាករខ្ចីជើង
របស់គាត់ពីក្លិប Monaco ហើយគិតមកទល់នឹងពេលនេះ គាត់អាចរកបានតែ៤គ្រាប់ប៉ុណ្ណោះឲ្យក្រុម Man Utd។
កីឡាករ Falcaoត្រូវបានគេលុបឈ្មោះចេញពីក្រុមជម្រើស១១នាក់ដំបូង ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ ដែលក្នុងនោះរួមមានទាំងការប្រកួតជាមួយក្រុម Liverpool និងក្រុម Arsenal ផងដែរ កាលពីប៉ុន្មានសប្តាហ៍មុន ហើយពេលនេះ គាត់បានសារភាពហើយថា គាត់ត្រូវតែរកផ្លូវដើរសម្រាប់ខ្លួនឯង។
លោកបាននិយាយប្រាប់កាសែតកូឡុំប៊ី Radio Caracolថា ជាការពិតណាស់ថា លោកត្រូវតែគិតគូរពីអនាគតខ្លួនឯង ប៉ុន្តែពេលនេះការផ្តោតអារម្មណ៍ម្យ៉ាងគត់ គឺទៅលើការប្រកួត សេសសល់៨ប្រកួតទៀត និងបន្តធ្វើការវិភាគលើអ្វីដែលជម្រើសល្អបំផុតសម្រាប់អនាគត ខ្លួនឯង។
លោកបានបន្តទៀតថា ជាការពិតណាស់ថា លោកត្រូវការស្វែងរកកន្លែងលេងទៀងទាត់របស់លោក និងជាកន្លែងដែលអាចលេងបានយ៉ាងសុវត្ថិភាពបំផុត៕
No comments:
Post a Comment