កីឡាករបាល់ទាត់កូនកាត់ខ្មែរបារាំងដែលកំពុងលេងនៅក្លិបភ្នំពេញក្រោនរំពឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំមានទំនុកចិត្ត១០០%ដើម្បីយកឈ្នះលើក្រុមភ្ញៀវសិង្ហបុរីសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកជុំទីពីរនាថ្ងៃទី១១ ខែមិថុនាខាងមុខនេះ។

វ៉ា សុខន ប្រជែងយកបាល់នឹងកីឡាករម៉ាកាវ កាលប្រកួតនៅស្តាតចាស់
កីឡាករដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពេលក្រុមកម្ពុជាឈ្នះក្រុមកីឡាករជប៉ុននៅកម្ពុជាដោយលទ្ធផល៤-១ កាលពីសប្តាហ៍មុននៅស្តាតអូឡាំពិក ហើយរូបគេក៏រកបានមួយគ្រាប់ដែរនោះបានឲ្យដឹងទៀតថា លោកជាកីឡាករថ្មីម្នាក់នៅកម្ពុជា ដូច្នេះលោកអត់ដឹងអស់ពីបាល់ទាត់នៅទីនេះ។
លោកថា ៖«ខ្ញុំគ្រាន់តែដឹងថា លីកបាល់ទាត់កម្ពុជានៅមានកម្រិត បើធៀបនឹងបណ្តាប្រទេសផ្សេងៗ។ និយាយពីក្រុមជម្រើសជាតិ យើងបានបង្កើតកំណត់ត្រាថ្មីមួយដែលយើងអាចឈានចូលវគ្គជម្រុះជុំទីពីរក្នុងពានបាល់ទាត់ពិភពលោក ហើយខ្ញុំសង្ឃឹមថា យើងនឹងមានលទ្ធផលល្អ និងទទួលបានជ័យជម្នះខ្លះជាក់ជាមិនខានដើម្បីបញ្ជាក់ពីគុណភាពរបស់យើង និងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត និងមោទនភាព»។
សមាជិកភ្នំពេញក្រោនរូបនេះបន្ថែមថា រូបគេពិតជារំភើបណាស់ដែលបានលេងឲ្យជម្រើសជាតិកម្ពុជា និងខិតខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
វ៉ា សុខនបានចាប់ផ្តើមលេងបាល់ទាត់តាំងពីអាយុ១០ឆ្នាំ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨នៅប្រទេសបារាំង។ មុនចូលលេងនៅភ្នំពេញក្រោន លោកធ្លាប់លេងនៅក្លិប Torcy, Le Creusot, Ecuisses, Motte Servolex, Chambery, Torcy Franco-Cambodge។ បន្ទាប់ពីបង្ហាញខ្លួននៅភ្នំពេញកាលពីចុងរដូវកាលមុន លោកក៏ត្រូវបានគ្រូជម្រើសជាតិកម្ពុជាកោះហៅឲ្យចូលជាមួយជម្រើសជាតិ និងរកបានគ្រាប់ទី១ឲ្យក្រុមជម្រើសជាតិកាលពីសប្តាហ៍មុន៕

វ៉ា សុខន ពេលលេងឲ្យជម្រើសជាតិឈ្នះម៉ាកាវ ៣-០ នៅស្តាតចាស់
No comments:
Post a Comment