Breaking News
recent

ក្រុម​មន្ត្រី​ទទួល​ស្គាល់​ថា​​ ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ខ្វះ​ចន្លោះ



ភ្នំពេញៈ សមត្ថកិច្ច និង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទទួល​ស្គាល់​ថា​កិច្ចសហការ​អនុវត្ត​ច្បាប់​ រវាង​តុលាការ​ អយ្យការ ​និង​នគរបាល​យុត្តិធម៌​ទូទាំង​ប្រទេស​នា​ពេល​កន្លង​មក​នៅ​មាន​ភាព​ខ្វះ​ ចន្លោះ​នៅ​ឡើយ​ជា​ហេតុ​នាំ​ឱ្យ​មាន​អំពើ​ចោរ​លួច ឆក់ និង​បទល្មើស​ព្រហ្មទណ្ឌ​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​ជាពិសេស​បទល្មើស​ កើតឡើង​ថ្មីៗ​នេះ​ដែល​បង្ក​ឱ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម។
ការ​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ ​ត្រូវ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ​នៅ​ក្រសួង ​យុត្តិធម៌​ដែល​មាន​សមាស​ភាព​មន្ត្រី​ជាន់ខ្ពស់​​នៃ​ក្រសួង​នានា​ ព្រះរាជអាជ្ញា ប្រធាន​តុលាការ​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្នងការ​នគរបាល​ខេត្ត​ទូទាំង​ប្រទេស​មក​ចូលរួម​ដើម្បី​ធ្វើ​របាយការណ៍​ នៃ​បញ្ហា​ដែល​កំពុង​ប្រឈម​ផ្តល់​ជា​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព ថ្លែង​ថា​ក្រោយ​ពី​បាន​ស្តាប់​លទ្ធផល​នៃ​​កិច្ចប្រជុំ​ខាង​មន្ត្រី​អនុវត្ត​ ច្បាប់​រួម​ទាំង​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​នគរបាល​យុត្តិធម៌ ស្ថាប័ន​ពាក់ព័ន្ធ នឹង​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ក្នុង​ការ​បង្ការ បង្ក្រាប និង​ផ្តន្ទាទោស​ជនល្មើស​ឱ្យ​ខាន​តែ​បាន​ក្នុង​គោល​បំណង​ពង្រឹង​នូវ​ សុវត្ថិភាព​សាធារណៈ​របស់​សង្គម​ជាតិ។
លោក​បន្ថែម​ថា​ ខាង​សមត្ថកិច្ច​នឹង​ប្រមូល​ផ្តុំ​ព័ត៌មាន​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ឱ្យ​ កិច្ចសហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឱ្យ​បាន​ជា​អតិបរមា។
លោក​​បន្ត​ថា៖ «អ្វី​ដែល​ជា​បញ្ហា​ប្រឈម​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​គឺ​ទាក់ទង​នឹង​បញ្ហា ​នីតិវិធី​នេះ​ឯង​ហើយ​បញ្ហា​នេះ​ឯង​ដែល​ក្រសួង​យុត្តិធម៌​រៀបចំ​ក្រុម​ ការងារ​ពិនិត្យ​មើល​ឡើង​វិញ​ថា​តើ​ទស្សនៈ​យល់​គ្នា​រវាង​អ្នក​អនុវត្ត​ ច្បាប់​ឱ្យ​ខិត​ទៅ​រក​ភាព​ស៊ី​ចង្វាក់​តែ​មួយ»។
លោក សន្តិភាព ​ឱ្យ​ដឹង​ទៀត​ថា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា ក៏​មាន​ផែនការ​ជួប​ជាមួយ​គណៈកម្មការ​ជាតិ​ដើម្បី​ពិនិត្យ​មើល​នូវ​លក្ខខណ្ឌ​ នីតិវិធី និង​បែបបទ​នៃ​ការ​ស្នើ​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ទូទាំង​រាជធានី​ខេត្ត​ផង​ ដែរ។
អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក ម៉ក់ ជីតូ ថ្លែង​ថា​បច្ចុប្បន្ន​ខាង​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ ទប់ស្កាត់ និង​បង្ការ​រាល់​បទល្មើស​ដែល​កើត​មាន។
លោក​បញ្ជាក់​ថា៖ «ជា​រួម​ទៅ​បទល្មើស​ព្រហ្មទណ្ឌ​យើង​ទទួល​ស្គាល់​ថា​ក្រោយ​នេះ​មាន​បទល្មើស​ កើតឡើង​ច្រើន​តែ​បើ​គិត​ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​មុន​មាន​ការ​ថយ​ចុះ»។
នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ក្រុម​ចោរប្លន់​មាន​អាវុធ​ស្ទើរ​គ្រប់​ដៃ ​លោក ម៉ក់ ជីតូ ឆ្លើយ​ថា​ ការ​គ្រប់គ្រង​អាវុធ​មាន​ការ​ស្មុគស្មាញ​ខ្លាំង​ដោយ​លោក​ថា ​ខាង​នគរបាល​គ្រប់គ្រង​តែ​អាវុធ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​ តែ​អាវុធ​ខុស​ច្បាប់​ខាង​លោក​មិន​ទាន់​គ្រប់គ្រង​បាន​ទេ។ តែ​លោក​ថា​ក្រោយ​ពី​មាន​បញ្ហា​នេះ​ទាំង​កងរាជ​អាវុធហត្ថ​អង្គស្នងការ​នគរបាល ​ជាតិ​បាន​ពិនិត្យ​ឡើង​វិញ​ក្នុង​ការ​គ្រប់គ្រង​អាវុធ។ បើ​តាម​លោក ម៉ក់ ជីតូ បទល្មើស​ដែល​កើត​មាន​ក្នុង​ឆ្នាំ ២០១៥ មាន​ការ​ថយចុះ ១៤ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៤ ក្នុង​នោះ​បទល្មើស​លួច​មាន​ចំនួន ១០៣៨ ករណី​ឆក់ ៩ ករណី​ប្លន់ ២៣០ ករណី និង​បទល្មើស​គ្រឿងញៀន​មាន​ចំនួន ៤៣៥ ករណី។
ចំណែក​មេបញ្ជាការ​រង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ហុង វិណុល​ថ្លែង​ថា​ខាង​កម្លាំង​របស់​លោក​តែងតែ​ចេញ​ល្បាត ពួន​ស្ទាក់ និង​ពិនិត្យ​ជាតិ​ផ្ទុះ​ជា​រឿយៗ​ពោល​មិនមែន​ទើប​តែ​មាន​ការ​ណែនាំ​ពី​ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ ទាក់ទង​ការ​គ្រប់គ្រង​អាវុធ​វិញ​លោក​ថា​នៅពេល​សួរ​ចម្លើយ​អ្នក​ប្លន់​ដែល​ ចាប់​បាន​ពួកគេ​សុទ្ធតែ​អះអាង​ថា​បាន​ប្រើប្រាស់​អាវុធ​តៗ​គ្នា និង​មិន​មាន​ការ​ទិញ​ពី​ក្រសួង​ការពារ​ជាតិ​នោះ​ទេ​។
អ្នក​សម្របសម្រួល​នៃ​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​លោក សន ជ័យ មើល​ឃើញ​ថា​កន្លង​មក​ការ​អនុវត្ត​ច្បាប់​ពិតជា​មាន​ភាព​ខ្វះ​ចន្លោះ​មែន​ដោយ ​លោក​ថា​នៅ​ពេល​សមត្ថកិច្ច​ចាប់​បញ្ជូន​ក្រុម​ចោរ​​ទៅ​តុលាការ​តែ​បែរ​ជា​ ព្រះរាជអាជ្ញា​មួយ​ចំនួន​ថា​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ ចោទប្រកាន់​ដែល​ធ្វើ​ឱ្យ​ចោរ​ប្លន់​ទាំង​នោះ​មាន​ឱកាស​បន្ត​ធ្វើ​សកម្មភាព​ បន្ត​ទៀត។
យ៉ាង​ណា​ក៏ដោយ ​លោក​ចង់​ឃើញ​កិច្ចសហការ​គ្នា​រវាង​អ្នក​ចាប់​ចោរ និង​អ្នក​កសាង​សំណុំ​រឿង​ក្នុង​ការ​បញ្ជូន​ជនល្មើស​ឱ្យ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ច្បាប់។
លោក​បញ្ជាក់​ថា៖ «បើ​សិន​ការ​សហការ​មិន​ល្អ​ជាពិសេស​អ្នក​ចាប់​នៅ​តែ​ប្រឹង​ចាប់​ហើយ​មាន​ភាព ​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​ដូចជា​ការ​ដោះលែង​អ្នក​ទោស​អីហ្នឹង​ពេល​នោះ​ ហើយ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​គេ​ហៅ​ថា​អ្នក​អនុវត្ត​នឹង​បាក់​ទឹក​ចិត្ត​ដែរ​ ហើយ​ពេល​នោះ​នឹង​ធ្វើ​ឱ្យ​អំពើ​ប្លន់​កើន​ឡើង»។
ការ​បើក​កិច្ចប្រជុំ​ពង្រឹង​សមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ​នាពេល​នេះ​ធ្វើ​ ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ​កងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស​បង្កើន​ការ​ប្រុងប្រយ័ត្ន​ និង​វាយ​កម្ចាត់​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ និង​ក្រុម​ជួញដូរ​គ្រឿងញៀន៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.