សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ
បានឲ្យដឹងថា
ដីព្រៃជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋលាតសន្ធឹងជាប់មាត់សមុទ្រ
រាមទំហំរាប់ពាន់ហិកតា ឋិតនៅភូមិគគីរ ឃុំបិតត្រាំង
ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានក្រុមឈ្មួញមានលុយកាក់
និងអ្នកមានអំណាចសមគំនិតគ្នាកាប់ទន្ទ្រានឈូសឆាយដោយប្រើគ្រឿងចក្រ
ច្រើនគ្រឿង និងច្រើនប្រភេទវាតទីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
និងបក្ខពួក
ខណៈខណ្ឌរដ្ឋបាលព្រៃឈើស្រុកព្រៃនប់ហាក់មិនមានប្រតិកម្ម
ឬបញ្ចេញសកម្មភាពទប់ស្កាត់អ្វីទាល់តែសោះ ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ
បណ្តោះអាសន្នក្បែរៗទីតាំងដែលគេកាប់ទន្ទ្រាន
ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
និងបក្ខពួកនោះ បាននិយាយរៀបរាប់ឲ្យដឹងថា
មានគ្រឿងចក្រជាច្រើនប្រភេទ និងច្រើនគ្រឿង
បានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងតូច ទាំងធំ
និងឈូសឆាយដីយ៉ាងគគ្រឹកគគ្រេង
ដោយអ្នកបញ្ជាគ្រឿងចក្របានបោះពាក្យសម្តីបង្អួតដាក់ក្រុមប្រជាពលរដ្ឋ
ថា ថៅកែពួកគេជាប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ គឺគ្មាននរណាហ៊ានប៉ះពាល់ឡើយ (Sic!) ។លោក ទិត្យ វុទ្ធី អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានថា លោកមិនបានដឹងអំពីសកម្មភាពកាប់បំផ្លាញព្រៃឈើ និងឈូសឆាយដីព្រៃនៅតំបន់នោះនៅឡើយទេ តែលោកនឹងចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យមើល ។ បើមានសកម្មភាពល្មើសមែននោះ លោកនឹងស្នើសុំទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្វើការទប់ស្កាត់ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុម ប្រជាពលរដ្ឋដែលថា អ្នកបញ្ជាគ្រឿងចក្រកាប់បំផ្លិចបំផ្លាញព្រៃឈើ និងឈូសឆាយដីព្រៃជាទ្រព្យសម្បត្តិរបស់រដ្ឋជាប់មាត់សមុទ្ររាម បោះពាក្យសម្តីថា ថៅកែរបស់ពួកគេជាប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ នោះ គឺសារព័ត៌មាន ដើមត្នោត មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបញ្ជាក់ពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានឋានៈស្មើរដ្ឋលេខាធិការ និងជាសេដ្ឋីលុយមានទ្រព្យសម្បត្តិមហាសាលនៅឡើយទេ គិតត្រឹមថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
ទោះយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋបានសំណូមពរចំពោះឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាចាត់មន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យករណីខាងលើនេះឲ្យបាន ទាន់ពេលវេលាផង ៕


No comments:
Post a Comment